fbpx

ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងសួរសុខទុក្ខ ប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ក្រុមកម្មករ កម្មការិនី ប្រមូលសំរាម និងសម្អាតទីក្រុងជាង ២ ០០០ នាក់

អត្ថបទដោយ រាជ មេសា
171 views

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី សួរសុខទុក្ខ ប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ក្រុមកម្មករ កម្មការិនី ប្រមូលសំរាម និងសម្អាតទីក្រុង ចំនួនជាង ២ ០០០ នាក់ ក្នុងឱកាសអបអរសារទរទិវាជាតិទីក្រុងស្អាត ។ ព្រះរាជពិធីនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី១៤ កុម្ភៈឆ្នាំ២០២៤ នៅកោះនរា ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានកម្មករ កម្មការិនី ប្រមូលសំរាម និងសម្អាតទីក្រុង ដែលមកពី ក្រុមហ៊ុនចំនួន៣ ចូលរួម រួមមាន ក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ក្រុមហ៊ុន 800 SUPER/GAEA និងក្រុមហ៊ុន Mizuda Group Co.,Ltd ។

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះរាជបន្ទូលកោតសរសើរចំពោះឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំរាជធានីភ្នំពេញឱ្យក្លាយជាទីក្រុងស្អាត មានសោភ័ណភាពទាក់ទាញ និងលើកកម្ពស់ជីវីភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ក្រោមការដឹកនាំកិក្តិបណ្ឌិតដ៏ឆ្នើមនិងប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការប្រតិបត្តិតាមមាគ៌ា ដ៏ល្អប្រពៃនិងមរតកនយោបាយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានដឹកនាំសង្គមជាតិយើងទាំងនៅទីក្រុង ក៏ដូចជានៅជនបទទទួលបាននូវសេចក្តីសុខ សន្តិភាពនិងការអភិវឌ្ឍរីកចម្រើន លូតលាស់លើគ្រប់វិស័យ។

ព្រះមហាក្សត្រ ព្រះអង្គបានមានព្រះរាជបន្ទូលបន្ដថា ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានចូលរួមចំណែកដឹកនាំកែលម្អ សោភ័ណភាពនិងអភិវឌ្ឍន៍ទីក្រុងភ្នំពេញឱ្យមានភាពស្រស់បំព្រងល្អស្អាត ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ព្រះអង្គក៏សូមកោតសរសើរនិងអរគុណបងប្អូន កម្មករ កម្មការរិនីទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមថែរក្សាបរិស្ថាននិងសម្អាតទីក្រុងភ្នំពេញអោយមានអនាម័យល្អស្អាតនិងមានសោភ័ណភាពល្អ។

ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គក៏បានអំពាវនាវគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន ព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ ជនរួមជាតិទាំងអស់ សូមចូលរួមឱ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាបរិស្ថានឱ្យបានល្អស្អាតនិងបៃតង ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាពនិងភាពទាក់ទាញខ្ពស់ សម្រាប់ទេសចរណ៍ជាតិនិងអន្តរជាតិ ពិសេសការបំពេញទស្សនៈកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ជាផ្លូវរដ្ឋ ផ្លូវការ ជាមិត្តភាពជាមួយប្រទេសកម្ពុជាយើង។

បើតាមរបាយការណ៍របស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បច្ចុប្បន្ននេះ មានភាពល្អប្រសើរលើការងារគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធរូបវន្ត ព្រមទាំងការថែរក្សាអនាម័យ-បរិស្ថានទីក្រុងស្អាត ពោលគឺ ក្រោយពេលដែលរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់លើការងារគ្រប់គ្រងសំរាម-សំណល់រឹង នៅរាជធានីភ្នំពេញជ្រើសរើសបានក្រុមហ៊ុនចំនួន ៣ ដើម្បីផ្តល់សេវាប្រមូល និងដឹកជញ្ចូន សំរាមក្នុងរាជធានីភ្នំពេញ ។ ឯកឧត្ដមបន្ដថា ប្រតិបត្តិករថ្មីទាំង ៣ បានចាប់ដំណើរការផ្តល់សេវា ចាប់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១មក ដោយទទួលបានការសាទរ និងវាយតម្លៃខ្ពស់ពីគ្រប់មជ្ឈដ្ឋាន ថាការផ្តល់សេវាមានគុណភាពល្អប្រសើរជាងមុន។

បើតាមឯកឧត្ដមអភិបាលរាជធានីភ្នំពេញ តាមបទពិសោធន៍នាពេលកន្លងមក នៅពេលដែលរាជធានីភ្នំពេញ មានប្រតិបត្តិករប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង តែមួយ បរិមាណសំរាមដែលត្រូវបានប្រមូល និងដឹកជញ្ជូនទៅទីលានចាក់សំរាមដង្កោ គិតជាមធ្យមត្រឹមតែចំនួន ២ ៧០០ តោន ក្នុង១ថ្ងៃ ប៉ុន្តែក្រោយពេលកំណែទម្រង់ ប្រតិបត្តិករទាំង ៣ មានលទ្ធភាពប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង គិតជាមធ្យមប្រមាណ ៣ ៧០០ តោន ក្នុង១ថ្ងៃ ជាហេតុធ្វើឱ្យរាជធានីភ្នំពេញមានបរិស្ថានស្អាត និងគ្មានសំរាមកកស្ទះដូចមុនទេ។ លើសពីនេះ ក្នុងឆ្នាំ២០២២-២០២៣ កន្លងទៅ ប្រតិបត្តិករទាំង ៣ បានរួមចំណែកយ៉ាងសំខាន់នៅក្នុងកម្មវិធីធំ១ សំខាន់របស់រាជរដ្ឋាភិបាល ដូចជា កិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំអាយប៉ា (AIPA), កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានី អាស៊ាន, ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាប៉ារ៉ាហ្គេម លើកទី១២ ដោយទទួលបានលទ្ធផលល្អ ប្រសើរ គួរជាទីមោទនៈ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់បន្ថែមថា តាមរយៈព្រះរាជសកម្មភាព និងព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីព្រះទ័យទុកដាក់ ខ្ពស់បំផុត អស់ពីកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះជាតិមាតុភូមិ រួមចំណែកយ៉ាងធំធេងជាមួយប្រមុខរាជរដ្ឋាភិបាល ដើម្បីដោះស្រាយ និងសម្រាលការលំបាករបស់បុគ្គលិក និងបងប្អូនកម្មករ-កម្មការិនី ក៏ដូចជាប្រជារាស្ត្ររបស់ព្រះអង្គ ស័ក្តិសមបំផុតទៅនឹង ព្រះបរមនាមជាអង្គក្សត្រប្រកបដោយទសពិធរាជធម៌។

សូមជម្រាបជូនផងដែរ ការផ្ដល់ព្រះរាជទាន ព្រះរាជអំណោយរបស់ព្រះករុណា ព្រះមហាក្សត្រ ដែលត្រូវផ្តល់ជូនដល់កម្មករដែលបម្រើការងារនៅក្នុងក្រុមហ៊ុន ប្រមូលដឹកជញ្ជូនសំរាមទាំងបីនេះ ក្នុងនោះ រួមមានក្រុមហ៊ុន Cintri (Cambodia/ (Everbright China) ចំនួន៦០៤នាក់, ក្រុមហ៊ុន 800 SUPER/GAEA ចំនួន ៧៣៧នាក់ និងក្រុមហ៊ុន Mizuda Group Co.,Ltd ចំនួន៧១៤នាក់ សរុប២ ០៥៥ នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ៥០គីឡូក្រាម ឃីត១កញ្ចប់ ដែលមានទាំងភួយ មុង កន្ទេល ត្រីខ មី អាវរងារជាដើម ជាមួយនិងព្រះរាជទ្រព្យមួយចំនួនទៀត៕

អត្ថបទពាក់ព័ន្ធ